ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិភាក្សាលើកទី២ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជាស្តីពីភាពអសកម្មពីស្ថាប័នជំនាញ

ខេត្តកោះកុង​៖​ ថ្ងៃចន្ទ ១៥ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
លោក សុខ សុទ្ធី អភិបាល​រង នៃគណៈអភិបាលខេត្តកោះកុង និងលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាល​ព្រៃឈើ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជាស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សមាសភាព​ចូលរួមប្រជុំមាន៖ តំណាងរដ្ឋបាលខេត្តកោះកុង តំណាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានគណបក្សសញ្ជាតិកម្ពុជា តំណាងក្រុមហ៊ុនខាម៉ាហ្ក្រា លោក អ៊ុយ វណ្ណៈ តំណាងរដ្ឋបាលស្រុកស្រែអំបិល និងមេឃុំដងពែង មន្ទីរកសិកម្មខេត្ត និងអ្នក​ពាក់ព័ន្ធ។
កិច្ចប្រជុំនេះកើតមានឡើងតាមលិខិតលេខៈ៤៣២ ស.ជ.ណ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងរបាយការណ៍របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពី​ភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងក្រុមហ៊ុនខាម៉ាហ្ក្រា ជាមួយប្រជាពលរដ្ឋនៅឃុំដងពែង ស្រុកស្រែអំបិល។ ហើយចំពោះកិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំប្រមូលព័ត៌មាន មិនមែនជាកិច្ចប្រជុំពិនិត្យដោះស្រាយទេ។
ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានបញ្ជាក់​ជូនអង្គប្រជុំថា រដ្ឋបាលខេត្តមិនអាចទទួលយកបានឡើងចំពោះរបាយការណ៍ដែល​ប្រតិភូគណបក្សសញ្ជាតិកម្ពុជា​ ដែលថាអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ​អសកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ព្រោះកន្លងមក​រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោកជំទាវ មិថុនា ភូថង លោកយកចិត្តទុកដាក់ណាស់ចំពោះបញ្ហារបស់​ប្រជាពលរដ្ឋមិនថាតែបញ្ហាដីធ្លីឡើយ។ ជាមួយគ្នានេះដែរ លោក សេង សុខេង ប្រធានគណបក្ស​សញ្ជតិកម្ពុជា និងជា​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ​ក៏បានទទួលស្គាល់នៅ​ចំណុចខ្វះខាតរបស់ខ្លួន​ក្នុងការ​ទំនាក់ទំនង​ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងករណី​បញ្ហាទំនាស់ដីធ្លី​ រវាងក្រុមហ៊ុនខាម៉ាហ្ក្រា ជាមួយលោក អ៊ុយ វណ្ណៈ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនេះ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា​នៅសាលាស្រុករួមមក ក្រុមការងារបច្ចេកទេស​ក៏​បានចុះទៅពិនិត្យទីតាំងដី​ទំនាស់ជាក់ស្តែងដើម្បីសិក្សាបន្ថែម ហើយកិច្ចប្រជុំ​ពាក់ព័ន្ធនឹង​បញ្ហាខាងលើនេះ នឹង​បន្តប្រជុំពិភាក្សា​គ្នាបន្តទទៀត​នៅពេលក្រោយ​បន្ទាប់ពីក្រុមការងារបច្ចេកទេស​ចុះប្រមូលទិន្នន័យ​រួចរាល់៕