ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជម្រុញឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តចុះពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថអត្រាគ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ ៖ សិក្ខាកាមនគរបាលចរាចរណ៍ ៨៣៧នាក់ បានបញ្ចប់វគ្គសិក្សារៀនសូត្រវគ្គបំប៉នពង្រឹងសមត្ថភាពការងារជំនាញចរាចរណ៍និងសណ្តាប់ធ្នាប់ ដើម្បីទទួលបាននូវចំណេះជំនាញពិតប្រាកដ យកទៅបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានគុណភាពនិងប្រសិទ្ធភាព។ ជាមួយនិងការថ្លែងក្នុងពិធីបិទវគ្គនៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញជម្រុញដល់កម្លាំងនគរបាលចរាចរទាំងនោះត្រូវបន្តបង្កើនពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែខ្លាំងថែមទៀតដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ទន្ទឹមដែលសម្តេចក្រឡាហោម ស ខេង   ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្លាប់ បានថ្លែងចាត់ទុកឆ្នាំ២០២០ គឺជាឆ្នាំ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានថ្លែងទៀតថាយុទ្ធនាការ រឹតបន្ដឹងច្បាប់ចរាចរណ៍ នឹងមិនបន្ធូរបន្ថយទេដើម្បីការរក្សាសុវត្តិភាពជួនប្រជាពលរដ្ឋ ។
រាជធានីភ្នំពេញ ក្រោយពីការចាប់ផ្តើមនៃយុទ្ធនាការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលជាង២ខែមកនេះ គេសង្កេតឃើញថា រាជធានីភ្នំពេញបានកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍ និងកាត់បន្ថយអ្នកស្លាប់និងអ្នករងរបួសបើប្រៀបធៀបនិងគ្រាដូចគ្នានៅឆ្នាំ២០១៩ កន្លងទៅនេះ។ ប៉ុន្តែរាជធានីភ្នំពេញទោះបីយ៉ាងណាក៏ត្រូវគេមើលឃើញថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមកើតឡើងច្រើនជាងបណ្តាខេត្តផ្សេងៗ។រាជធានីភ្នំពេញអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងភាគច្រើននៅពេលយប់ ដែលអ្នកបើកបរយានយន្តមួយចំនួនមិនសូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងរំលឹកដល់មន្រ្តីនគរបាលចរាចរទាំងអស់នៅពេលចុះ អនុវត្តច្បាប់ចរាចរណ៍ត្រូវប្រុងប្រយ័ត្នចៀសវាងកុំឱ្យកើតមានអំពើហិង្សាការអនុវត្តច្បាប់ធ្វើឱ្យបានត្រឹមត្រូវ យុត្តិធម៌ ក្នុងករណីដែលមន្រ្តីនគរបាលអនុវត្តភារកិច្ចលើសបទបញ្ជាថ្នាក់លើ រឺក៏ធ្វើអំពើខុសច្បាប់ណាមួយនោះទៅលើប្រជាពលរដ្ឋគឺលោកមិនអាចការពារបាននោះទេនិងថែមទាំងប្រមានចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។
ក្នុងឱកាសនោះតំណាងសិក្ខាកាមក៏បានឡើងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងយកចំណេះវិជ្ជាទៅបំពេញភារកិច្ចឱ្យចំទិសដៅការងាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនិងបំរើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរល្អប្រសើរ។

សូមបញ្ជាក់ថា សិក្ខាកាមនគរបាលចរាចរណ៍ ៨៣៧នាក់ ក្នុងនោះស្រី៤៣នាក់ មកពីតាមបណ្តាអធិការដ្ឋានគរបាលខណ្ឌទាំង១៤និងការិយាល័យជំនាញ។ វគ្គសិក្សាចំនួន១០វគ្គ រយៈពេល៥០ថ្ងៃ។ សិក្សារៀនសូត្របង្ហាត់បង្រៀនដោយគ្រូបង្គោលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក១៩នាក់។ ហ្វឹកហាត់រៀនសូត្រនូវមេរៀន ក្រមសីលធម៌ និងវិន័យនគរបាលជាតិ, ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩, ការដោះស្រាយកន្លែងគ្រោះថ្នាក់ចរាចរណ៍ ,ការប្រមូលទិន្នន័យ និងរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍,មេរៀនលំហាត់របៀប, បច្ចេកទេសទប់ស្កាត់ទៅនឹងជនល្មើសបម្រុងធ្វើអំពើហិង្សា , របៀបបច្ចេកទេសចាប់និងប្រើប្រាស់ខ្នោះដៃ , បច្ចេកទេសអន្តរាគមន៍ និងហាត់ក្បាច់គុណហាប់គីដូ ៕