រដ្ឋបាលរាជធានី-ខេត្ត

អគារមន្ទីរពេទ្យខេត្ត កម្ពស់ពីរជាន់ ដែលចំណាយថវិកាជាង១,៧៥០,០០០ដុល្លា ត្រូវបានបញ្ចុះបឋមសិលាសាងសង់

ខេត្តឧត្ដរមានជ័យ៖​ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យខេត្ត កំពស់០២ជាន់ បំពាក់ដោយសម្ភារៈពេទ្យទំនើប ដែលមានទំហំ៤៣×៣៨ ម៉ែត្រ និងចំណាយថវិកាអស់ចំនួន១,៧៥០,០០០ ដុល្លាសហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ផងដែរ។

នេះបើតាមលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មន្ទីរពេទ្យខេត្ត ជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យ០២ នៃប្រព័ន្ធសុខាភិបាល ដែលគ្របដណ្ដប់ប្រជាពលរដ្ឋសរុបជាង២៥៤,១៤១ នាក់ និងមានផ្ទៃដី១៨,៧៤១ ម៉ែត្រការ៉េ មានអាគារចំនួន០៨ និងមានបុគ្គលិកសរុប៤៨នាក់។ ជាក់ស្ដែងអគារដ៏ស្កឹមស្កៃមួយខ្នង កំពស់ពីរជាន់ដែលជាអំណោយរបស់រាជរដ្ឋាភិបាល​ គ្រោងនឹងបញ្ចប់ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការសាងសង់​មន្ទីរពេទ្យខេត្តនេះ​ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ដែល​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ខិតខំរួមគ្នាដើម្បី​ពង្រីក​សេវា​សុខាភិបាល​សាធារណៈ​ឲ្យមក​ខិតជិត​ប្រជាជន​ងាយស្រួល​ក្នុងការ​ទទួល​សេវា​។​

យ៉ាងណាមិញ ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យបុគ្គលិកពេទ្យទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ស្មោះត្រង់ សុច្ចរឹត យុត្ថិធម៌ ក្នុងនាមអ្នកបំរើឲ្យជនដែលរងគ្រោះដោយសារជំងឺឬ ហានិភ័យសុខ​ភាពផ្សេងៗទៀត ជាពិសេសត្រូវព្យាបាលអ្នកជំងឺប្រកបទៅដោយយកចិត្តទុកដាក់ មិនត្រូវមានការធ្វេសប្រហែស​ឡើយ។

ឯកឧត្ដម បានបន្តចុះជួបសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន១០៨ នាក់ ដោយក្នុង១ នាក់ទទួលបានបាន អង្ករ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកស៊ីអ៉ីវ១ យួរ, ភួយ១ សម្រាប់, ម៉ុង១ សម្រាប់, សារ៉ុង១ សម្រាប់, ក្រម៉ា១ សម្រាប់ និង ថវិកា២០,០០០៛។