ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋករខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយ និងរដ្ឋករ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា តំណាង ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងមន្រ្តីសាខាគយខេត្តកំពង់ឆ្នាំងផងដែរ។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែងកោតសរសើរ ដល់លោក ហ៊ាល ទូច ប្រធាសាខាគយចាស់ ដែលបានខិតខំបំពេញភារកិច្ចរកចំណូលជូន រដ្ឋតាមផែនការសកម្មភាពដែលថ្នាក់លើប្រគល់។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានផ្តាំផ្ញើដល់ លោក ជួប ចំរើន ដែលត្រូវបានតែងតាំង ជាប្រធានគយ និងរដ្ឋករសាខាខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ហ៊ាល ទូចដែលត្រូវទទួលភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារតាមបញ្ញត្តិច្បាប់ប្រកបដោយប្រសិទ្ធភាព, យកចិត្តទុកដាក់ដឹកនាំសាខាប្រមូលពន្ធគ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធអោយបានជោគជ័យតាមផែនការជូនរដ្ឋ។ ក្នុងនោះត្រូវបង្កើន កិច្ចទំនាក់ទំនងល្អ សហការល្អ ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុវត្តឱ្យបានតាមតួនាទី និងភារកិច្ច ដើម្បីសម្រេចឱ្យបានជោគជ័យនូវការប្រមូលពន្ធជូនជាតិ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថាៈ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមគាំទ្រ និងសហការជានិច្ចក្នុងការចូលរួមក្នុងកាតព្វកិច្ចប្រមូលពន្ធ និងការបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឱ្យតែមានសំណើពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីរួមគ្នាក្នុងការប្រមូលពន្ធបង់ចូលថវិកាជាតិ ៕