រដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ នៃសាខា គយ និងរដ្ឋាករខេត្តកណ្តាល

កណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម គីម រិទ្ធី បានស្នើអោយប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំ ត្រូវខិតខំប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។

ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តជំរុញបែបនេះក្នុងឱកាសឯកឧត្ដមអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារៈកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។

ឯកឧត្ដមអភិបាលរងខេត្ត បន្តថា ការប្រមូលពន្ធអាករ របស់ស្នាក់ការគយ និងរដ្ឋាករជ្រៃធំ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែក ធ្វើអោយចំណូលជាតិរបស់យើងមានកំណើនខ្ពស់ ក្នុងមួយរយៈកាលចុងក្រោយនេះ។ ដូច្នេះលោកប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំថ្មី ត្រូវខិតខំប្រមូលព័ន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។

ទន្ទឹមនិងការប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រូវខិតខំបង្កា និងបង្ក្រាប់បទល្មើស រត់គេចពន្ធឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំថ្មី ដើម្បីធានាជំរុញការអនុវត្តការងារគយ និងរដ្ឋាករប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់បំផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាព ដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរបស់មន្ត្រីរាជការគយ និងរដ្ឋាករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានថ្លែងក្នុងឱកាសនោះថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

សូមបញ្ជាក់ផងដែរថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និងផ្ទេរភារៈកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង។