ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនកម្មករ ដែលកំពុងបំពេញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានព្រៃបាសាក់

ស្វាយរៀង នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនកម្មករដែលកំពុងបំពេញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានព្រៃបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រុំ

លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះបងប្អូនកម្មករទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការសាងសង់ ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបរិវេណរមណីយដ្ឋានព្រៃបាសាក់នេះ  ដែលរហូតមកដល់ពេលនេះសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមផែនការ និងគម្រោងរបស់រដ្ឋបាលខេត្ត ហើយឯកឧត្ដមក៏បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិរួចផុតពីភ្លើងសង្គ្រាម និងបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យចាប់ពីទីក្រុងរហូតដល់ជនបទ ប្រជាជនរស់ក្រោមដំបូលសុខសន្តិភាពរហូតដល់សព្វថ្ងៃ ជាក់ស្តែងវឌ្ឍនភាពរបស់ខេត្តស្វាយរៀង បាននិងកំពុងបោះជំហានទៅមុខ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនេះ រមណីយដ្ឋានព្រៃបាសាក់ ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំរៀបចំអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ខេត្តស្វាយរៀងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនកម្មករទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន រក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ មុននឹងបរិភោគ និងចម្អិនអាហារឲ្យបានឆ្អិនល្អ ដោយត្រូវការពារខ្លួនពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩តាមរយៈការអនុវត្តតាមវិធានការនានាដែលណែនាំដោយក្រសួងសុខាភិបាល

ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំណោយចែកជូនដល់កម្មករ ក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ សារ៉ុងម៉ាស់ និងថវិកា ចំនួន ២០.០០០រៀល ចំពោះប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិ ម្នាក់ៗ ២០.០០០រៀល និងក្មួយៗជាកូនរបស់បងប្អូនកម្មករដែលកំពុងបំពេញការងារនៅរមណីយដ្ឋានព្រៃបាសាក់ ម្នាក់ៗទទួលបានថវិកា ១០.០០០រៀល ផងដែរ