ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្ត ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះថ្កូវ ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។​

ដោយមានការចូលរួមពីលោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីអភិបាលរងស្រុកជលគិរី លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, កម្លាំងមានសមត្ថកិច្ច, មេឃុំ មេភូមិ, អាជ្ញាធរ, ក្រុមការងារ​របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។​

គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។

ក្នុងឱកាសនោះលោកជំទាវ បាន លើកឡើងថាៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមអនុសាសន៍ ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) និងឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្ត និងជាប្រធាន (គ.ខ.ប.ជ) ខេត្ត ដោយបានជម្រុញ ពង្រឹងការអនុវត្តការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ អនុវត្តការងាររួមគ្នា បង្ការទប់ស្កាត់ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។

ក្នុងឱកាសនោះលោកជំទាវ បានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។​

លោកជំទាវបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងនោះលោកជំទាវ រួមជាមួយក្រុមការងារបានចែកក្រម៉ា ជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី។ និងបន្តយកសម្ភារ រួមជាមួយថវិកាមួយចំនួន ជូនដល់លោកយាយ ចាស់ជរា អាយុ៩១ ឆ្នាំ មានជំងឺ​ប្រចាំកាយចំនួន១គ្រួសារ និងផ្តល់សម្ភារដល់ឃុំមានៈ អង្ករ ចំនួន ០៤ បេតូច ឃីត៤ និងជូនដល់ស្រ្តីមេម៉ាយ ២ គ្រួសារ តាមរយៈនារីស្រុកផងដែរ ៕