ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកំពង់ឆ្នាំង អញ្ជើញប្រគេនទៀនវស្សា និងចុះពិនិត្យការងារគម្រោងសាច់ប្រាក់ពលកម្មជួយដល់កសិករ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាមកពីវត្តចំនួន ៤ ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងគឺ វត្តគោករំដួល វត្តដំណាក់កី វត្តភ្នំរាប និងវត្តសំបួរមាស។

បន្ទាប់មកឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងសហការី បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវដីស ក្នុងក្របខ័ណ្ឌគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ជនបទ និងគាំទ្រកសិករ មានប្រវែង ៩២១ ម៉ែត្រ ស្ថិតនៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕