ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់អនុសាសន៍៤ចំនុច នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណេីរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណេីរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុងស្រុក បុគ្គលិក សុខាភិបាលបានចូលរួម ធ្វេីឡេីងនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។

មានប្រសាសន៍បេីក និងបិទពិធីផ្សព្វផ្សាយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានវាយតម្តៃថ្លែងការកោតសរសេីរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការចាត់វិធានការបានទាន់ពេលវេលា ចំពោះកិច្ចការដែលបានអនុវត្តកន្លងមក។

មានប្រសាសន៍ នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណេីរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម បានបញ្ជាក់ថា ៖ នេះគឺជាការដាក់ឲ្យអនុវត្តរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលេីកការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវពីសេវាសុខាភិបាលឲ្យមករដ្ឋបាលខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តនានាពាក់ព័ន្ធ និងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមជាមតិមួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទៅលេីកិច្ចការងារដូចជា ៖

១- ការបន្តផ្សព្វផ្សាយទៅថ្នាក់មូលដ្ឋាន ពិសេសឃុំ សង្កាត់ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពឲ្យបានទូលំទូលាយ ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដេីម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

២- ការគ្រប់គ្រងបុគ្គលិក ដែលបានផ្ទេរមករដ្ឋបាលខេត្ត បើទោះបីបុគ្គលិកទាំងនេះ នៅតែបន្តស្ថិតក្នុងអង្គភាពសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះ ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ដែលអនុវត្តតាមគោលការណ៍បែបបទ នីតិវិធី ពិសេសការតែងតាំងការផ្លាស់ប្ដូរបុគ្គលិកជាដេីម ។

៣- ការគ្រប់គ្រងការចាត់ចែង និងប្រើប្រាស់ថវិកាសម្រាប់មុខងារផ្ដល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌរដ្ឋបាលខេត្ត មិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះ ទៅប្រើប្រាស់សម្រាប់មុខងារផ្សេងៗក្រៅពីមុខងារសុខាភិបាលឡេីយ។

៤-ការផ្ទេរទ្រព្យសម្បត្តិ កិច្ចការនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តសម្របសម្រួល ដើម្បីប្រគល់ឲ្យរដ្ឋបាលខេត្ត ឲ្យបានរួចរាល់នៅឆ្នាំ ២០២០។

គូសបញ្ជាក់ថា ៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយក៏មានការធ្វើបទបង្ហាញប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរាជធានី-ខេត្តដោយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។ ការធ្វើបទបង្ហាញអន្តរក្រសួងស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌ បច្ចេកទេស និងនីតីវិធី សម្រាប់ការផ្ទេរធនធានហរិញ្ញវត្ថុ ទៅរដ្ឋបាលរាជធានី-ខេត្ត សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ និងបទបង្ហាញលិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដោយលោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ៕