ព័ត៌មានក្នុងប្រទេស

ពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នៅថ្ងៃអាទិត្យ ១កើត  ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ (ចាស់ជរា ១៧ គ្រួសារ  ជនពិការ ៤ នាក់ គ្រួសារកុមារកំព្រា ១គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១នាក់ ស្ត្រីមេម៉ាយ ១០គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៣៩គ្រួសារ) សរុប ៧២ គ្រួសារ មកពី ៣ ឃុំក្នុងស្រុកកំពង់រោទិ៍ គឺឃុំ សំឡី ឃុំខ្សែត្រ និងឃុំត្នោត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុកកំពង់រោទិ៍ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិតិ្តសង្គហបណ្ឌិត
លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលនៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកជំទាវក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។។

លោកជំទាវក៏បានរំលឹកប្រជាពលរដ្ឋថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូសសាសន៍ ប៉ុល ពត ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ២នាក់ទេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៦នាក់។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ ។  លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៧២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥ គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង អាវយឺត ២ សាប៊ូ ២ដុំ ក្រម៉ា ១ ម៉ាស់ ១ និងថវិកា ៤០.០០០ រៀល ៕