ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គ្រួសារងាយរងគ្រោះចំនួន ១២គ្រួសារ នៅឃុំកោះថ្កូវ ស្រុកជលគិរី បានទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០​នេះ លោកជំទាវ តុង ណារី, លោកជំទាវ ប៉ាល់យឿន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារស្រុក នាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះចំនួន ១២គ្រួសារ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោក ថោង ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលសម្តេច និងឯកឧត្តមអភិបាលខេត្ត តែងតែបានគិតគូរ យកចិត្តទុកដាក់ អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

នៅក្នុងឱកាសនោះលោកបានធ្វើការផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែទាំសុខភាព និងបានណែនាំឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីវិធីបង្ការការពារ កាប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ត្រូវលាងដៃឱ្យជាប់ជាប្រចាំ ដើម្បីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

អំណោយដែលទទួលបានក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ២០គីឡូក្រាម, ទឹកត្រី ០១យួរ, មី០១កេស, ក្រមា១ និង ថវិកា ១០ ០០០រៀល ៕