ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករ ដើម្បីស្វែងរកទីផ្សារសម្រាប់លក់ផលិតផលរបស់បងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករ

កំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយ ឃុំបឹងណាយ ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមដំណើរដោយ តំណាងផ្សារ Makro ក្នុងប្រទេសកម្ពុជា និងលោកអភិបាលរងស្រុកព្រៃឈរ តំណាងមន្ទីរពាណិជ្ជកម្មខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំជាមួយបងប្អូនប្រជាកសិករ ដើម្បីស្វែងរកទីផ្សារសម្រាប់លក់ផលិតផលរបស់បងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករ។
តាមប្រសាសន៍របស់ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកទីផ្សារផលិតផលរបស់បងប្អូនប្រជាកសិករខ្មែរ យកទៅលក់នៅទីផ្សារ Makro ដែលមានទីតាំងក្នុងប្រទេសកម្ពុជា ។ លោកជំទាវ បានបន្តទៀតថា ដើម្បីបង្កើតទីផ្សារនេះបាន គឺមានគោលបំណងធំបំផុតនោះ យើងត្រូវបង្កើតសមាគមដាំបន្លែ និងចិញ្ចឹមមាន់ ក្នុងឃុំអោយបាន។ ក្នុងការបង្កើតសហគមន៍នេះ ក្នុងគោលបំណង អោយដឹងពីទិន្នន័យច្បាស់លាស់ និង មានបច្ចេកទេសពីការ បង្កបង្កើនផល ដើម្បីអោយត្រូវទៅតាមតម្រូវការរបស់ទីផ្សារ ជាពិសេសគឺមិនអោយមានប្រើសារជាតិគីមីលើផលិតផលរបស់ខ្លួន។
លោកជំទាវ បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាកសិករ មានបំណងចង់ បង្វែរ ពីការដាំដុះក៏ដូចជាចិញ្ចឹមសត្វ ដោយគ្មានបច្ចេកទេសត្រឹមត្រូវមកជា ការបណ្ដុះនិងចិញ្ចឹមសត្វ ដោយមានបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារម៉ាក្រូជាអ្នកទទួលទិញ សូមបងប្អូន ចុះឈ្មោះជាសហគមន៍ ដើម្បីទទួលបាន ការផ្ដល់ជំនាញ ព្រមទាំងគាំទ្រក្នុងការដាំដុះនិងចិញ្ចឹមសត្វ ដោយគម្រោងអែម របស់ក្រសួងពាណិជ្ជកម្មផងដែរ ។
ចប់ប្រសាសន៍លោកជំទាវក៏បានអញ្ជើញ អំណោយជូនជនក្រីក្រចំនួន ១២ នាក់ក្នុងភូមិថ្មដា ៣គ្រួសារ, ភូមិឈើបាក់ ៤គ្រួសារ, ភូមិឈើបាក់ ៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន មី១កេះ នំ១ប្រអប់ ទឹកក្រូចឆ្មា១ដប ទឹកម្ទេស១ដប ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប។