ព័ត៌មានក្នុងប្រទេស

អបអរសាទរខួបលើកទី១៣ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២០

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២០ ដែលសហការរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានា ព្រមបងប្អូនអតីតយុទ្ធជនក្នុងខេត្ត សរុបចំនួន ១០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលមកដល់ពេលនេះរៀបចំបានចំនួន ១៣លើក រួចហើយ គឺដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហានកាលពីអតីតកាល ដើម្បីបុព្វហេតុជាតិមាតុភូមិមានសុខសន្តិភាព និងការអភិវឌ្ឍ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា មិនត្រឹមតែរៀបចំឲ្យមាននូវទិវាអតីតយុទ្ធជន ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ កន្លងមក ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់អតីតយុទ្ធជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានាក្នងការដំឡើងប្រាក់ឧបត្ថម្ភ សម្រួលនីតិវិធីនៃការបើកផ្ដល់ប្រកបដោយតម្លាភាព ព្រមទាំងរៀបចំឲ្យមានលំនៅឋានសមរម្យសម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក្រោមរូបភាពនៃការការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ហើយជាក់ស្ដែង បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តស្វាយរៀង ក៏ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះផងដែរ ដែលរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានចាត់ចែងរៀបចំដី និងផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៤០០ខ្នងផ្ទះហើយ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ ៖
១. ត្រូវថែរក្សាសុខភាពអនាម័យខ្លួនប្រាណ លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល គ្រប់ពេលវេលា ដើម្បីបញ្ចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
២. បន្តចូលរួមថែរក្សាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាកពីសំណាក់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប។
៣. ចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្កលក្ខណៈរស់នៅប្រកបដោយសុខុដុមរមនាក្នុងមូលដ្ឋានរបស់យើង។
៤. សូមជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
៥. សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសរន្ទះ និងខ្យល់កន្ត្រាក់ជាដើម។
ដោយឡែក អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ជាក់ស្ដែងក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបងប្អូនអតីតយុទ្ធជនមានការប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

នៅចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ជូននូវអំណោយដល់អតីតយុទ្ធជនទាំងអស់ ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ឃីត ១កញ្ចប់ (ជែល ១ដប សាប៊ូដុំ ១ដុំ សាប៊ូម្សៅ ១កញ្ចប់ អំបិល ១កញ្ចប់) និងថវិកាចំនួន ៤០.០០០រៀល ៕