ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសព្រះចៅអធិការវត្តប្រាសាទស្រះឈ្នួរ ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងព្រះមន្ត្រីសង្ឃក្នុងខេត្ត បានរៀបចំប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មី ​ជំនួសព្រះចៅអធិការវត្តចាស់សុគត ក្នុងវត្តប្រាសាទស្រះឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ការប្រកាសតែងតាំងព្រះចៅអធិការវត្តថ្មី នាថ្ងៃនេះព្រះនាមភិក្ខុ កេតុ សីលោ អ៊ិត រដ្ឋា ដើម្បីធ្វើការគ្រប់គ្រងដឹកនាំព្រះសង្ឃ អាចារ្យគណៈកម្មាការ ដោះស្រាយរង្វាប់អធិករណ៍ដែលកើតមានឡើង គ្រប់គ្រង គរុភ័ណ សង្ឃដីធ្លីធ្វើការអប់រំពុទ្ធសាសនិកជន ឲ្យរៀនសូត្របដិប័ត្តធម៌វិន័យបិដកជាគោល។

ព្រះឧត្តមសីលញ្ញណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ​ និងលោក បៀ​រ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកា និងមានប្រសាសន៍ថា៖ ការគោរព និងលើកស្ទួយពុទ្ធសាសនា គឺពិតជាជ្រួតជ្រាបដល់ក្រអៅបេះដូង នៃប្រជាជនខ្មែរស្ថិតសេ្ថរ គង់វង្ស ស្របតាម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ពិតមែនហើយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការវត្តមាន និងការចូលរួម ឥតសំចៃទាំងស្មារតី សម្ភារៈ បញ្ញាញាណ ពីព្រះរាជាគណៈព្រះតេជតុលា ព្រះថេរានុថេរៈគ្រប់ ព្រះអង្គ ប្រជាពលរដ្ឋ ទាំងអស់គឺដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជាសង្គមមួយ ដែលគ្មានអំពើហិង្សាគ្មានការរំលោភសិទ្ធ សេចក្តីថ្លៃថ្នូររបស់មនុស្ស រួមចំណែកធ្វើឲ្យសង្គមកម្ពុជា មានភាពរឹងមាំ ពោលគឺជាសង្គមមួយប្រកបដោយចំណេះដឹង មានសីលធម៌ គុណធម៌ ចរិយាធម៌ និងសាមគ្គីធម៌។

លោក បៀរ ថាន ប្រធានមន្ទីរធម្មការ និងសាសនាក៏បានធ្វើការផ្តាំផ្ញើដល់មន្រ្តីសង្ឃព្រះគ្រូចៅអធិការ ធ្វើការយ៉ាងណាពង្រឹងគុណភាព​ លើអភិបាលកិច្ចល្អ ធានាបាននូវសាមគ្គីភាពរវាងពុទ្ធសាសនិកជន តាមមូលដ្ឋានជាចាំបាច់ ទប់ស្កាត់ឲ្យបាននូវបញ្ហាជម្លោះអធិករណ៍កុំអោយកើតឡើង ជៀសវាងការប្រើឥទ្ធិពលណាមួយមិនសមស្របធ្វើឲ្យបាត់បង់ក្រមសីលធម៌ ចូលរួមអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្នុងទីវត្តអារាមកុំឲ្យកើតមាន ៕