រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម​ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការដាក់ឲ្យដំណើការសាកល្បងកម្មវិធីព័ត៌មាន​វិទ្យា​សម្រាប់ការគ្រប់គ្រង​ និ​ងផ្ដល់សេវា​នៅក្នុង​អង្គភាព​ច្រក​ចេញ​ចូលតែមួយ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការដាក់ឲ្យដំណើរការសាកល្បងកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ការគ្រប់គ្រង​ និ​ងផ្ដល់សេវា​នៅក្នុង​អង្គភាព​ច្រក​ចេញ​ចូលតែមួយ​រាជធានីនៅ​ការិយាល័យរបស់ឯកឧត្តមផ្ទាល់។

ក្នុង​កិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុក កីឡា ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង លោក​លៀង ជុំ​សុបិន្ត នាយករង​រដ្ឋបាល​សាលា​ខេត្ត​ លោក​លី សុភា ប្រធាន​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ លោកគង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ និងលោកប៊ុន សម្បត្តិ! អនុប្រធានអង្គភាពច្រកចេញចូលតែមួយ។

ជាកិច្ចចាប់ផ្ដើម លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ បានរាយការណ៍ដោយសង្ខេបអំពីវត្ថុបំណង ក្នុងកិច្ចដំណើរការសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង​ និង​ផ្ដល់សេវា​នៅក្នុងអង្គភាព​ច្រកចេញ​ចូលតែមួយ មាន៩ខេត្ត ដោយក្នុងនោះខេត្តកំពង់ឆ្នាំង ក៏ត្រូវបានជ្រើសរើសឲ្យដាក់ដំណើរការសាកល្បងដែរ។

ក្នុងឪកាសនោះ បន្ទាប់ពីការពិភាក្សានិងផ្ដល់យោបល់រួចមក ឯកឧត្តមស្រ៊ន សំឫទ្ធី ប្រធាន​អង្គប្រជុំ​ បាន​សំណូម​ពរ​ឲ្យ​មន្ទីរ​អង្គភាព​ដែលជាស្ថាប័នមានសមត្ថកិច្ច សូម​អនុវត្ត​ការងារ​ដោយ​មាន​ភាពបត់បែន និងអត់ធ្មត់រង់ចាំសេចក្ដីណែនាំបន្ថែមពីរាជរដ្ឋាភិបាលពីនីតិវិធីក្នុងការអនុវត្តដំណើរការកម្មវិធីព័ត៌មានវិទ្យានេះ។

បន្ថែមពីនោះឯកឧត្តម ក៏បានជម្រុញឲ្យអង្គភាពច្រកចេញចូលតែមួយអនុវត្តការដាក់ធាតុចូលក្នុងកម្មវិធីព័ត៌មានវិទ្យាឲ្យមានប្រសិទ្ធភាព ដោយឡែកចំពោះប្រភេទសេវាដែលលក្ខណ:សាំញ៉ាំ គឺត្រូវធ្វើរបាយការណ៍ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និ​ងពិភាក្សា​រក​ដំណោះស្រាយ​បន្ដទៀត ៕