ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប

ខេត្តកែប ៖ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកែប បានពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនៅខេត្តកែប ដោយលោក សុទ្ធ ពុទ្ធិម៉ានីន ជំនួសលោក វ៉ៅ សុខា ដែលត្រូវទៅកាន់មុខតំណែងជាអភិបាលរងខេត្តកែប ។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម សំណង់ និងសុរិយោដី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយិកាទីចាត់ អង្គភាព ចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ យុវជន យុវនារីប្រមាណ១៤៧នាក់ ។

ថ្លែងទៅកាន់អង្គពិធិនាឱកាសនោះឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍កោតសរសើរ លោក វ៉ៅ សុខា អតីតប្រធានមន្ទីរ និង លោក សុទ្ធ​ ពុទ្ធិម៉ានីន ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងរចនាសម្ព័ន្ធមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា កន្លងមកបានខិតខំប្រឹងប្រែងបំពេញការក្នុងការអនុវត្តតួនារទី ភារកិច្ចបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ឆ្លើយតបបានតាមសំណូមពរ និងបម្រើសេវាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នងខេត្ត ព្រមជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើនៅចំណុចសំខាន់ៗមួយចំនួនដល់ លោក សុទ្ធ ពុទ្ធិម៉ានីន ដែលជាប្រធានថ្មី
ត្រូវបន្តយកចិត្តទុកដាក់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី ជាលក្ខណៈប្រព័ន្ធ​ និងការសាងសង់សំណង់ផ្សេងៗ ។

ត្រូវគ្រប់គ្រង អបរំមន្ត្រីអោយបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្តដល់មន្រ្តី បុគ្គលិក ដែលធ្វើការទៀងទាត់ និងមន្រ្តីដែលបានបំពេញការងារល្អ។
ត្រូវខិតខំបន្តជំរុញដោះស្រាយអោយអស់នូវបញ្ហាទំនាស់ដីធ្លីដែលនៅសល់តិចតួច ។
ត្រូវទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើដីសាធារណៈដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់អោយបានរាល់ការសាងសង់សំណង់ខុសច្បាប់ ។

ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុអោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជន ធ្វើការតាមដានគ្រប់ការដ្ឋានដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់ ។
យកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាអោយបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយឯកឧត្តមក៏បានណែនាំដល់ អាជ្ញាធរ នៅតាមមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺ Covid-19 ដែលឆ្លងពីខាងក្រៅចូលមកក្នុងមូលដ្ឋាន ត្រូវអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕