ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ចងព្យួរនៅ​លើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង

បន្ទាយមានជ័យ ៖ គ្រួសារ១បានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ចងព្យួរនៅលើដើមអំពិលក្បែរផ្ទះសំរាប់កំសាន្តអារម្មណ៍លេង ត្រូវបានសមត្ថកិច្ចបានប្រទះឃើញ ទំនាក់ទំនងទៅអង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការដកហូតយកទៅរក្សាទុកនៅវេលាម៉ោង៨ព្រឹកនៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ។សមត្ថកិច្ចបានឲ្យដឹងថាប្រជាពលរដ្ឋ ដែលចងព្យួរគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឈ្មោះ កា សុនីត ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គាត់បានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ យកមករក្សាទុកនៅផ្ទះចងព្យួររយីងរយោងនៅលើដើមអំពិលនោះមានគ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះនៅឡើយហើយវាមានគ្រោះថ្នាក់បំផុត។សមត្ថកិច្ចបានឲ្យដឹងទៀតថាគ្រួសារនេះប្រកបមុខរបរដើរស៊ីឈ្នួលដោះមីននៅតាមចំការ រឺដីចាស់ដែលមានគ្រាប់ម៉ីនក្រោយពីដោះបានប្រមូលយកមកទុកនៅផ្ទះស្របពេលខ្លះចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ឈ្មោះ កា សុនីត គាត់ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រើប្រាស់ និងរក្សាទុកគ្រាប់មីនផង​ ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង​។ចំពោះគ្រាប់ដែលដកហូតបានប្រគល់ជូនមន្ត្រីអង្គភាពស៊ីម៉ាក់យកទៅធ្វើការបំផ្លាញចោល ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បាន អំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន​ ដោយឃើញអ្នកណាម្នាក់ប្រើប្រាស់​ ឬរក្សាទុកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ​ ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាល​ ឬកម្លាំងស៊ីម៉ាក់ជាបន្ទាន់ដើម្បីចុះទៅពិនិត្យ និងយកទៅកំទេចចោលដើម្បីជៀសវាងពីការផ្ទុះបង្កគ្រោះថ្នាក់ស្លាប់ដល់ប្រជាពលរដ្ឋ៕