ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនផ្ដល់ជំនួយម៉ាស់ចំនួន២០.០០០ ដល់ខេត្តកំពង់ចាម

កំពង់ចាម ៖ អំណោយជាម៉ាស់ចំនួន ២០.០០០ ម៉ាស់ របស់ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានមកដល់ខេត្តកំពង់ចាមហើយ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ។
ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរខេត្តកំពង់ចាម-ខេត្តហៃហាន និងដើម្បីចូលរួមចែករំលែកដល់ការលំបាកជាមួយនឹងរដ្ឋបាលខេត្តកំពង់ចាម ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម តាំងពីឆ្នាំ២០០៧ បានជួយឧបត្ថម្ភជាម៉ាស់ចំនួន ២០,០០០ម៉ាស់ ដល់ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ចាម។

ជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តហៃណាន ប្រជាជនខេត្តហៃណាន ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាជនខេត្តកំពង់ចាម និងបានផ្តល់ម៉ាស់ជូនមកខេត្តកំពង់ចាមសម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ក្នុងខេត្តកំពង់ចាម៕