ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់

បន្ទាយមានជ័យ ៖ ​នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា ៖ តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះ ផន មុត បានសារភាពថា ៖ ខ្លួន និងបក្សពួកចំនួន០៣នាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។មនុស្សទាំង១៥នាក់នេះ គឺមានម្នាក់ឈ្មោះ ជាង ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យកម្រៃក្នុងម្នាក់៣០០បាត(បីរយបាត) ។

លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ពលករទាំងនោះ បានឲ្យថា ពួកគាត់ត្រូវបានគេនាំមកទម្លាក់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីចេញទៅប្រទេសថៃ ដោយគេយកម្នាក់ក្នុងតម្លៃ៣,០០០បាត (បីពាន់បាត)ទៅដល់កន្លែងធ្វើការ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងចម្លើយបំភ្លឺរបស់ប្រជាពលរដ្ឋ ។ជនសង្ស័យឈ្មោះ ផន មុត ត្រូវបាននគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕