ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រោយពេលបាយថ្ងៃត្រង់រួចបើកម៉ូតូឌុបគ្នា តែងោកងុយ១ភាំងទៅបុកគោយន្តកន្ត្រៃពីក្រោយបង្កឲ្យរបួសធ្ងន់២នាក់

បន្ទាយមានជ័យ ៖ ក្រោយពេលបាយថ្ងៃត្រង់រួច បុរស២នាក់បើកម៉ូតូជិះឌុបគ្នា តែងោកងុយមួយភាំងទៅបុកគោយន្តកន្ត្រៃដឹកដំឡូងមីពីក្រោយពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវលំជនបទ នាភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសារង្គ លោក ផុន វេត បានប្រាប់ឲ្យដឹងថា ៖ នៅមុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ សេរីចាស់ពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ូច ណាក់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់កោះពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរមួយនាក់ទៀតជាប្រពន្ធឈ្មោះ យាន សេង អាយុ៦០ឆ្នាំ ។ម៉ូតូបើកពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ អ្នកបើកបរដែលទើបបាយថ្ងៃត្រង់រួច ហើយស្រងល់ដូចពុលបាយ បែរជាងោកងុយដេកលក់១ភាំង ក៏ទៅបុកគោយន្តកន្ត្រៃពីក្រោយ ដែលកំពុងឈប់នៅលើទ្រូងផ្លូវ។ គោយន្តនោះមានអ្នកបើកបរឈ្មោះ ធឿ ជាម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកនាយប៉ុស្តិ៍បញ្ជាក់ថា ៖ ជនរងគ្រោះទាំង២នាក់បាក់ជើងហើយត្រូវអ្នកឃើញហេតុការណ៍ និងបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាល ៕