ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គ្រួសារងាយរងគ្រោះចំនួន ១២គ្រួសារ នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយរងគ្រោះចំនួន ១២គ្រួសារ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។

អំណោយនាំយកទៅប្រគល់ជូនក្នុងនាឱកាសនោះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់(មុង ១,សារុង ១,ភួយ ១,ក្រមា ១) និងថវិកា ២០,០០០រៀល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អម សុភា បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្ដម ក៏បានណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព​ អនាម័យឱ្យបានគ្រប់ពេល និងថែរក្សាការពារខ្លួនដោយប្រុងប្រយ័ត្នពីការឆ្លងនៃជំងឺកូវីដ-១៩ ៕