ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ចុះផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងនីតិវិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ និងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយ

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ដើម្បីចុះផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងប្រេង​កាត និងផលិតផ​ប្រេង​កាត​ ក្នុងស្រុកចំនួន០២ ស្ថិតនៅក្នុងភូមិធ្លកវៀន ស្រុកសាមគ្គីមានជ័យ និងភូមិលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មន្ទីរនឹងបន្តចុះផ្សព្វផ្សាយជូនដល់ម្ចាស់ស្ថានីយប្រេង​ និងឧស្ម័នឥន្ធនៈ ដែលធ្វើអាជីវកម្មលើទឹកដី ក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់។ ការចុះផ្សព្វផ្សាយនេះគឺដើម្បីអនុវត្តឱ្យបានសមស្របនៃការីបរិច្ឆេទក្រសួងបានកំណត់ឱ្យគ្រប់ស្ថានីយទាំងអស់ត្រូវដាក់ពាក្យសុំដំណើរការអាជីវកម្មនៅក្រសួង និងការសាងសង់ថ្មីសុំបច្ចេកទេស។

ក្នុងនោះដែរ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រួមនិងមន្រ្តីជំនាញរបស់មន្ទីរ ក៏បានធ្វើការណែនាំពីនីតិវិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ប្រេង​ និងឧស្ម័នឥន្ធនៈជូនដល់ម្ចាស់ស្ថានីយប្រេងនិងគោរពទៅតាមសារាចររបស់ក្រសួងដើម្បីកុំឱ្យកើត មាននូវឧបទ្ទវហេតុមួយចំនួនដូចជាអគ្គិភ័យនិងការផ្ទុះបណ្តាលមកពីប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈដែលបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ សម្ភារ និងគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរដល់អាយុជីវិតដើម្បីរក្សាសុវត្ថិភាពខ្លួនគាត់ផ្ទាល់ហើយនិងសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញនោះនិងអ្នកប្រើប្រាស់ផងដែរ ៕