ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍​ម៉ូតូ​ និងរថយន្ត​ បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់

ព្រៃវែង​ ៖​ ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២០​ វេលាម៉ោង ៦និង៣០នាទី​ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ​៦៤-៦៥​ លើផ្លូវជាតិលេខ៨​ ស្ថិតនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំងខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានអោយដឹងថា​ រថយន្តមួយគ្រឿងម៉ាកអេស៊ា ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A​ 8234 បើកបរដោយឈ្មោះ យូ បុល ភេទប្រុស​ អាយុ ៤៣ឆ្នាំ​ រស់នៅភូមិត្រពាំងសេះ​ ឃុំអង់រមាស ស្រុកឈូក ខេត្តកំពត​ ដែលបើកបរលើផ្លូវក្រាលកៅស៊ូពីជើងទៅត្បូង​ រួចបត់ឆ្វេងឡើងលើផ្លូវជាតិលេខ ៨​ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបាន ម៉ូតូមួយគ្រឿងម៉ាក Honda cbr ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HU 8858 បើកបរដោយឈ្មោះ សុន សុជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ​ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលកំពុងបើកបរលើផ្លូវជាតិលេខ ៨​ ក្នុងទិសដៅពីកើតទៅលិច ក៏បានជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះតែម្ដង។
ក្នុងករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតធ្ងន់​ រីឯរថយន្តរងការខូចខាតស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វើការត្រួតពិនិត្យ​ និងវាស់វែងកន្លែងកើតហេតុ​ ចំណែកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕