ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អ៊ុំ រាត្រី នាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ មកពីភូមិចំនួន៣ ក្នុងសង្កាត់ម្កាក់

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារ រួមជាមួយនឹងអំណោយរបស់ក្រុមហ៊ុន តាន់ គីមអេង។ ប្រជាពលរដ្ឋទាំង១០០គ្រួសារ មកពី៣ភូមិ មាន ៖ ភូមិគោកលៀប, ភូមិបែនចាន និងភូមិឈូក នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០។

ថ្លែងនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលេីកឡេីងថា ប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយ៉ាងខ្លាំងពីសុខទុក្ខបងប្អូនពលរដ្ឋ ពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជម្ងឺកូរូណា ឬ កូវីដ-១៩ ដែលបានធ្វេីឲ្យបងប្អូនមួយចំនួនបានរងផលប៉ះពាលដោយសារតែជម្ងឺនេះ ។ ដោយមេីលឃេីញពីបញ្ហានេះប្រមុខថ្នាក់ដឹកនាំ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានចាត់ក្រុមការងារចុះជួយដល់បងប្អូនពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតស្បៀង។ ឯកឧត្តម បានបញ្ជាក់ថា ៖ នេះគឺជាការគិតគូរយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំទៅលេីបងប្អូនពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនដែលចោលបងប្អូនឡេីយ។ ទន្ទឹមនឹងនោះ ដោយសារជម្ងឺកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់ពិភពលោក ហេីយនៅកម្ពុជាបេីទោះបីមានអ្នកជាសះស្បេីយច្រេីនក៏ដោយ ក៏យេីងមិនត្រូវធ្វេសប្រហែសឡេីយ ពោលគឺត្រូវរក្សាវិធានការការពារ និងអនាម័យទាំងអស់គ្នា និងត្រូវរួមគ្នាទប់ស្កាត់ ការរីករាលដាលជម្ងឺឲ្យរលាយសាបសូន្យពីកម្ពុជា ដែលទាមទារឲ្យមានការចូលរួមពីបងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា ៖ អំណោយដែលបានចែកជូនពលរដ្ឋទាំង១០០គ្រួសារនោះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស រួមនឹងថវិកាចំនួន២ម៉ឺនរៀល ផងដែរ៕