ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គស្នងការរង ប្រធាន-អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការ ស្នងការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងកិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់អំពីលិទ្ធផលនៃការរឹតបណ្តឹងច្បាប់ចរាចរណ៍​ផ្លូវគោករយៈពេលមួយសប្ដាហ៍កន្លងទៅ ដែលក្នុងនោះបានលើកកម្ពស់អោយមានការគោរពច្បាប់កាន់តែប្រសើរឡើង កាត់បន្ថយចំនួនអ្នកស្លាប់ របួស និងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានគួរអោយកត់សម្គាល់។ កិច្ចប្រជុំនេះផងដែរបានដកពិសោធន៍លើចំនុចខ្លាំងរបស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្នុងរយៈពេលរឹតបណ្តឹងច្បាប់កន្លងទៅនេះ គឺបានខិតខំអនុវត្តនូវវិធានការច្បាប់យ៉ាងល្អប្រសើរ។ ​

ក្នុងនោះអង្គប្រជុំក៏បានដាក់ចេញនូវទិសដៅសំរាប់អនុវត្តបន្តមួយចំនួនរួមមាន ការងារដឹកនាំបញ្ជា វិធានការល្បាត វិធានការត្រួតពិនិត្យជាក់ស្ដែងទាំងពេលថ្ងៃនិងយប់ ហើយចុងបញ្ចប់នៃអង្គប្រជុំក៏បានសម្រេច​​បង្កើនការរឹតបណ្តឹងអនុវត្តច្បាប់នេះអោយបានខ្លាំងក្លាតទៅទៀត រហូតសម្រេចអោយបានការកាត់បន្ថយគ្រោះថ្នាក់ជាអតិបរមា អោយមានការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាន់តែខ្លាំងឡើង និងធានាបានរបៀបរៀបរយនៃសណ្ដាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។