ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ២០នាទី ត្រង់ចំណុចមុខក្លោងទ្វារវត្តត្រកៀត ស្ថិតនៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចំណុចចន្លោះគីឡូម៉ែត្រ៥៧-៥៨ លើផ្លូវជាតិលេខ ៨។ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AO.៦២៤០ បើកបរដោយឈ្មោះ សយ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានបើកបត់ឆ្វេង។ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ.១៧៥០ បើកបរដោយឈ្មោះ ភី រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះតែម្តង ជនរងគ្រោះមានពាក់មួកសុវត្ថិភាព ។

ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតធ្ងន់ រីឯរថយន្ដរងការខូចខាតស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុចំណែកសាកសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសាររីឯវត្ថុតាងទាំងពីរគ្រឿងរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានឃាត់ខ្លួន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង៕