ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ជាមួយនឹងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងមហាផ្ទៃ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ជាមួយនឹងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ​លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ អង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន មានប្រសាសន៍ថា ដើម្បីឆ្លើយតប​ទៅនឹងការព្យាបាលអ្នកជ​ម្ងឺកូវីដ-១៩ ដែលទាមទារឲ្យប្រទេសទាំងអស់​បង្កើនស្ថាន​ភាពបន្ថែមទៀតក្នុងការ ការពារទប់ស្កាត់កូវីដ-១៩ ឲ្យទាន់ពេលវេលា ជាពិសេស ពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀម​ខ្លួនសម្រាប់ការរាតត្បាត ជម្ងឺឆ្លងនានាដែលអាចកើតមានឡើងនៅពេលអនាគត។
ឯកឧត្តមបន្ថែមថា ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបំរុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។
ឆ្លៀតឱកាសនោះ លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានថ្លែងថា «ទោះបីជាយើងពុំទាន់ឃើញសញ្ញាច្បាស់លាស់អំពីការឆ្លងក្នុងសហគមន៍ ដោយស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងត្រូវត្រៀមខ្លួនជាស្រេច និងបន្ស៊ាំការឆ្លើយតបរបស់យើង ទៅតាមស្ថានភាពនោះ»។
លោកជំទាវ ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ដែលព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយជាបន្ដបន្ទាប់ ហើយមានឆ្លងសរុបទាំងអស់ត្រឹមតែ​១២២នាក់ប៉ុណ្ណោះ៕