ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីផ្តល់គ្រាប់ពូជកសិកម្ម និងឧបករណ៍សម្រាប់យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង:នារសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩(COVID-19)ខេត្ត ជាមួយឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីផ្តល់គ្រាប់ពូជកសិកម្ម និងឧបករណ៍ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ហើយសម្ភារទាំងនេះបានផ្តល់ជូនដល់មន្ទីរសុខាភិបាលខេត្ត សាលាក្រុងស្ទឹងត្រែង និងសាលាស្រុកសេសាន។

សម្ភារដែលបានផ្តល់ជូនមន្ទីរសុខាភិបាលរួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០១គ្រឿងទឹកថ្នាំសម្លាប់មេរោគចំណុះ៤០លីត្រ ចំនួន ២៥ប៊ីដុង ស្មើនឹង១.០០០លីត្រ។ បន្ទាប់មកបានផ្តល់ជូនក្រុងស្ទឹងត្រែង និងស្រុកសេសាន ដោយក្នុង១ក្រុង ស្រុក ទទួលបាន៖ គ្រាប់ពូជបន្លែ ចំនួន៥០គីឡូក្រាម, ស្រូវពូជ ចំនួន១៥០គីឡូក្រាម, ម៉ាស់ ចំនួន១៥ប្រអប់ ស្មើនឹង៧៥០ម៉ាស់, ទឹកអាល់កុល ចំនួន៣០លីត្រ, និងសាប៊ូដុំលាងដៃ ចំនួន៣០ដុំ៕