ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ សប្បាយរីករាយ ខណៈពេលដែលទំនប់អាងទឹកតំបន់ ត្រូវបានអាជ្ញាធរស្ថាបនាឡើងវិញ

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលទំនប់អាងទឹកតំបន់ និងសំណង់សិល្បការ ដែលមានទីតាំង ស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ការជួសជុលទំនប់អាងទឹក តំបន់ខាងលើនេះឡើងវិញ គឺដើម្បី លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ក៏ដូចជា ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនលទ្ធភាព នៃការបង្កបង្កើនផល របស់ប្រជាកសិករ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកប្រធានមន្ទីរធនធានទឹក បានបន្តថា ការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមាន ជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង ផងនោះ ដោយរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលកែលម្អសំណង់នោះ ឡើងវិញ ។ លោកក៏បានបញ្ជាក់ដែរថា ទំនប់អាងទឹកតំបន់នេះ គឺអាចរក្សាទឹកទុកបានរហូត ចំនួន ១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង ១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋចំនួន ១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន ៣.២១៣គ្រួសារ ដែលបានពឹងអាស្រ័យផល លើអាងតំបន់នេះ ។ ម្យ៉ាងវិញទៀត ខ្នងទំនប់អាងទឹកតំបន់នេះ ក៏អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ធ្វើដំណើរ ដើម្បី តភ្ជាប់ពីមូលដ្ឋាន ទៅកាន់ទីប្រជុំជន ក្នុងការដឹកជញ្ជូនកសិផលកសិកម្ម ទៅលក់នៅទីផ្សារ បានយ៉ាងល្អប្រសើរ ផងដែរ ៕