ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់ក្រុមគ្រួសារសពមន្រ្តីនគរបាល

តាកែវ៖ រសៀល ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតានី អញ្ជើញទៅប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសពលោក សុខ សម្បត្តិ អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០(ដោយជម្ងឺឫសដូងបាត)ក្នុងឱកាសនោះលោក វរសេនីយ៍ឯក ស្នងការរង និងក្រុមការងារបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល)ជូនដល់លោក ស្រី សន មនោ ត្រូវជាភរិយានៃសព ស្ថិតនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្ដកំពត។
ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកវរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលនិងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ឪពុកដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕