ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ឹម យ៉ាន និងឯកឧត្តម ស ថេត បានផ្តល់ជាមតិណែនាំល្អជាច្រើនដល់អង្គប្រជុំ ជាពិសេសណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ត្រូវមានវិន័យ និងសីលធម៌ល្អ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងឲ្យបានល្អតាមអង្គភាពរៀងៗខ្លួន ។
ក្រោយពីបញ្ចប់ពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចែកម៉ាស ស្រោមដៃ និងទឹកអាល់កុលជូនដល់ការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅចែកជូនដល់មន្ត្រីដែលត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ៕