ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សប្បុរសជននៅរាជធានីភ្នំពេញបន្តជួយឧបត្ថម្ភសម្ភារៈនិងថវិកាចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ជូនដល់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សប្បុរសជននៅរាជធានីភ្នំពេញបន្តជួយឧបត្ថម្ភសម្ភារៈនិងថវិកាចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សម្ភារៈទាំងនោះរួមមាន ទឹកអាល់កុល១០តោនស្មើនឹង៣០០លីត្រ ជែល២ពាន់ដប និងថវិកា១ពាន់ដុល្លារ ពីលោកឧត្តម សេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលប្រហ្មទណ្ឌ និងលោក ស្រី ស្រឿង វ៉ាន្នី ប្រធានក្រុមហ៊ុន ប៊ីយូធី ដើម្បីឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញប្រើប្រាស់សម្អាតអនាម័យជាប្រចាំតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ១៩ នៅក្នុងជួរកងកម្លាំងនគរបាលរាជធានភ្នំពេញ។

ជម្ងឺឆ្លងកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចនៅកម្ពុជានៅឡើយនោះទេ។ទោះបីនៅកម្ពុជាមានការព្យាបាលជាសះស្បើយអ្នកជម្ងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ ខែមេសា ចំនួន១១៩នាក់ និងគ្មានករណីឆ្លងថ្មីទៀតនោះទេ។នៅសល់អ្នកជម្ងឺ៣នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ហើយកម្ពុជាគ្មានករណីស្លាប់ដោយជម្ងឺឆ្លងកូវីដ១៩នោះឡើយ។បើយោងតាមមន្រ្តីអង្គការសុខភាពពិភពលោកនិងក្រសួង សុខាភិបាលកម្ពុជាបានបង្ហាញនៅក្នុងសន្និសីទសែត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា ជម្ងឺនេះនៅតែបន្តអនុវត្តវិធានការងារបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចំណាយពេលវេលាយូរអង្វែងទៅមុខទៀតដោយសាររហូតមក ដល់ពេលនេះគេមិនទាន់រកឃើញថ្នាំព្យាបាលរឺវ៉ាក់សាំងការពារជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩។

ជម្ងឺដ៏កាចសាហាវនេះនៅតែបន្តរីករាលដាលនៅតាមបណ្តាប្រទេសនៅក្នុងពិភពលោករហូតជាង២១៣ប្រទេស អ្នកឆ្លងជាង ២លាន៨សែននាក់ និងអ្នកស្លាប់ជាង១៩ម៉ឺននាក់។

ក្នុងឱកាសទទួលសម្ភារៈនិងថវិកាពីសប្បុរសជននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណដល់សប្បុរសជនទាំងអស់ដែលបានគាំទ្រ និងគិតគូពីសុខភាព របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ល្អនិងមនុស្សធម៌បំផុតនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជា មានការគំរាមកំហែងដោយជម្ងឺ ឆ្លងកូវីដ១៩។

ទន្ទឹមគ្នានោះកម្លាំងនគរបាលរាជធានីភ្នំពេញនៅតែបន្តចូលរួមជា មួយក្រសួងសុខាភិបាលកម្ពុជា អនុវត្តវិធានការបង្ការទប់ស្កាត់ជម្ងឺ ឆ្លងកូវីដ១៩ និងផ្សព្វផ្សាយអប់រំ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានកាន់តែយល់ដឹងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ៕