ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋហួសចិត្តដោយមើលឃើញក្រុមឡានដឹកដីធ្លាក់ដីពេញថ្នល់ជាតិសំណាងណាស់អ្នកធ្វើដំណើរតាមក្រោយមិនគ្រោះថ្នាក់

បន្ទាយមានជ័យ ៖ បើទោះបីជាអាជ្ញាធរក្រុងសិរីសោភ័ណ និងសមត្ថកិច្ចបានធ្វើការចាប់ឃាត់រថយន្តដឹកដីដែលដឹកអាចម៍ដីហៀរទ្រុង និងដឹកដីមិនគ្របធ្វើកិច្ចសន្យា និងអប់រំ៣លើករួចមកហើយក្តី ពីការដឹកដីមិនគ្រប ដាក់ដីលើសទ្រុង និងបើកលឿនក្នុងទីប្រជុំជន តែនៅមានរថយន្តដឹកដីមួយចំនួនតូចមិនគោរព និងអនុវត្តតាមនៅឡើយ ប្រៀបដូចជាចាក់ទឹកលើក្បាលទាមិនដឹងជាអស់លោកនោះអាងខ្នងឬយ៉ាងណានោះទេ នេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានឡានដឹកដីកែច្នៃ១គ្រឿងបានដាក់អាចម៍ដីលើសទ្រុងហៀរបង្កឲ្យធ្លាក់ដី និងដុំថ្មធំៗរាយប៉ាយនៅចំណុចផ្លូវសាមគ្គី មុខផ្ទះរបស់លោកឧកញ៉ា ហង្ស ស៊ីផា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដែលនេះសំណាងល្អមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់រថយន្ត ឬអ្នកធ្វើចរាចរដោយទោចក្រយានយន្តពីក្រោយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ក្រុមឡានដឹកដី និងឡានក្រឡុកស៊ីម៉ងបើកលឿនៗ មិនសូវមានការប្រុងប្រយ័ត្នហើយច្រើនបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ ។ ហើយភាគច្រើនដាក់អាចម៍ដីលើសទ្រុងបង្កឲ្យជ្រុះរាយប៉ាយនៅតាមផ្លូវជាតិក្នុងក្រុងស្ទើររាល់ថ្ងៃ ពិសេសធ្វើអ្នកធ្វើដំណើរដោយទោយចក្រយានយន្តមានការបារម្ភចំពោះសុវត្ថិភាពរបស់ពួកគាត់ ។ចំណែក ប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥៦អា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណក៏បានត្អូញត្អែរ ដោយសារក្រុមឡានធន់ធំៗពិសេសឡានដឹកដីមិនគ្របធ្វើឲ្យដីជ្រុះអាចម៍ធ្លាក់តាមផ្លូវជាតិ ហើយបើកបរដោយគ្មានគិតពីបញ្ហាប៉ះពាល់អ្នកដទៃ គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន សព្វថ្ងៃផ្លូវជាតិស្ទើរក្លាយជាផ្លូវដី បើនៅរដូវប្រាំងហុយ នៅរដូវវស្សារអិល ផ្លូវជាតិនៅកន្លែងខ្លះខូចស្រុតដោយសារតែឡានដឹកដី។ ជាមួយគ្នានោះដែរគាត់សុំណូមពរដល់នគរបាលសណ្តាប់ធ្នាប់ក៏ដូចនគរបាលចរាចរណ៍ និងអាជ្ញាធរក្រុង សូមពិនិត្យ និងចាត់វិធានការឲ្យតឹងរ៉ឹងបំផុតចំពោះក្រុមឡានដឹកដី និងឡានក្រឡុកស៊ីម៉ងត៍ដែលបើកឡានលឿន តាមបណ្តាផ្លូវសាធារណៈនេះផងជៀសវាង គ្រោះថ្នាក់កើតឡើង៕