ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពលរដ្ឋក្រីក្រ៥០គ្រួសារ នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ។ ពិធីប្រគល់អំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ អភិបាលក្រុង យុវជនស្ម័គ្រចិត្តកាកបាទក្រហម បានចូលរួមធ្វើឡើងនៅសាលាបឋមសិក្សាព្រហូត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ក្នុងឱកាសចែកអំណោយនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នាពីឆ្លងរោគផ្សេងៗ ពិសេសជម្ងឺ កូវីដ -១៩ ដោយជម្ងឺនេះបានកើតឡើងពាសពេញពិភពលោក ហើយក៏មានអ្នកស្លាប់ច្រើនផងដែរ។ ដោយឡែកនៅកម្ពុជាយើងក៏មានករណីឆ្លង និងជាសះស្បើយច្រើនផងដែរ ។ បើទោះជាមានកម្ពុជាទទួលបានអ្នកជាសះស្បើយច្រើនក៏ពិតមែន អភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កុំមានការធ្វេសប្រហែស ពីព្រោះជម្ងឺនេះវាឆ្លងរហ័សណាស់ ប្រសិនជាយើងមើលស្រាលវា។ តែយ៉ាងណាក៏ដោយឯកឧត្តម ក៏បានជម្រុញឲ្យបងប្អូនអនុវត្តនូវវិធានការអនាម័យឲ្យបានគ្រប់ពេលជាប្រចាំ ដោយត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ជាដើម។ ម្យ៉ាងវិញទៀត លោកក៏បាន ណែនាំបន្ថែមដល់បងប្អូន ដែលមានសាច់ញាតិទើបមកពីក្រៅប្រទេស ពិសេសប្រទេសថៃ ត្រូវណែនាំឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សិន ក្នុងការតាមដានសិនសុខភាព ក៏ដូចជាចូលរួមទប់ស្កាត់ពីការឆ្លងរាតត្បាត់ពីជម្ងឺកូវីង-១៩នេះ។

បន្ទាប់ពីចែកអំណោយជូនពលរដ្ឋ៥០គ្រួសាររួចហើយនោះ ឯកឧត្ដម អភិបាលខេត្ត និងក្រុមការងារបន្តអញ្ជើញចែកអំណោយជូនដល់បងប្អូន សាសនាគ្រិស្ដដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់កំពង់ស្វាយ៦០គ្រួសារផងដែរ៕