ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម ម៉ែន វិបុល​ បានអញ្ជើញទទួលយកអំណោយ ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយរួមមានមី ១២កេស ទឹកសុទ្ធ ៦កេស និងថវិកា ចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក បានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរនូវទឹកព្រះទ័យរបស់ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក ដែលបានចូលរួមឧបត្ថម្ភថវិកា មី និងទឹកសុទ្ធដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងភាពមិនអាចខ្វះបាននូវការរួមចំណែកនៃវិស័យពុទ្ធចក្រចូលរួមជាមួយវិស័យអាណាចក្រក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម ហើយរដ្ឋបាលខេត្តនឹងយកអំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ។

ទន្ទឹមនេះ ជាមួយនិងការថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យ ដ៏សប្បុរសនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញនូវសេចក្ដីសង្ឃឹមជឿជាក់ថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងទីអារាមក្នុងខេត្ត នឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាតនេះ ៕