ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

គណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ​ អញ្ចេីញចុះសួរសុខទុក្ខ​ដល់កងកម្លាំង​ និងក្រុមគ្រូពេទ្យ ​ព្រមទាំងចុះត្រួតពិនិត្យទីតាំងសុវត្ថិភាព​ត្រៀមសម្រាប់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ​៖ នាថ្ងៃពុធ​ ៨រោច​ ខែ​ចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ២០២០​ គណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ​ ដឹកនាំដោយ​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ និង​ ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ​ អមដំណើរដោយ​ លោក​ឧត្តមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្ត​ លោកឧត្ដមសេនីយ៍​ត្រី​ កង​ សៅគុណ​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ និងអង្គភាព​មន្ទីរពាក់ព័ន្ធ​ បានអញ្ចេីញចុះសួរសុខទុក្ខ​ដល់កងកម្លាំង​ និងក្រុមគ្រូពេទ្យ​ នៅតំបន់មុំបី​, មន្ទីរពេទ្យបង្អែក​ស្រុកជាំក្សាន្ដ​ និងមណ្ឌលសុវត្ថិភាព​ តាកឹង​ ព្រមទាំងចុះត្រួតពិនិត្យទីតាំងសុវត្ថិភាព​ត្រៀមសម្រាប់ប្រជាពលរដ្ឋ​ ដែលទេីបវិលត្រលប់ពីក្រៅប្រទេស​ អោយនៅដោយឡែករយៈពេល​ ១៤ថ្ងៃ​ ក្នុងគោលបំណងបង្ការ​ និង​ទប់ស្កាត់​ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ ទាំងអស់ទូទាំងខេត្ត ត្រូវបន្តចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលទេីបត្រលប់មកពីក្រៅប្រទេស ត្រូវណែនាំឲ្យពួកគាត់អនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដេីម្បីធ្វេីការតាមដានសុខភាពដោយខ្លួនឯង ពិសេសបើសិនជាមានករណីមិនស្រួលខ្លួន ត្រូវស្ម័គ្រចិត្តមកពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក រកវីរុស កូវីដ -១៩។ ទន្ទឹម​នឹងនោះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ និងគ្រឿង​ឧបភោគ​ បរិភោគ​ និងអាកុល​ មួយចំនួនក្នុងន័យជួយរំលែកមួយចំណែករបស់មន្ទីរពេទ្យបង្អែកក៏ដូចជាការលើកទឹកចិត្តដល់កម្លាំងជួរមុខដូចគ្នា (ពេទ្យ និងកម្លាំងសមត្ថកិច្ច) ក្នុងការប្រយុទ្ធប្រឆាំងនូវការរីករាលដាល នៃមេរោគកូវីដ១៩នេះ៕