ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកែប ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ របស់រាជរដ្ឋាភិបាល និងផែនការអគ្គស្នងការនគរបាលជាតិ

ខេត្តកែប ៖ លោកឩត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានដឹកប្រជុំជាមួយលោក លោកស្រីស្នងការរង អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ ដើម្បីផ្សព្វផ្សាយបទបញ្ជាលេខ០២ ប.ប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-19 ផែនការលេខ១៣៤ សជណ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការលើកពេលឈប់សំរាកពិធីបុណ្យចូលឆ្នាំថ្មី២០២០ ប្រពៃណីជាតិខ្មែរ ។
មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តផែនការ របស់រាជរដ្ឋាភិបាល និងអគ្គស្នងការដ្ឋាន ឱ្យសំរេចបានជោគជ័យ១០០% ។ ទន្ទឹមនោះលោកស្នងការ បន្តជំរុញឱ្យនគរបាលមូលដ្ឋានយកចិត្តទុកដាក់ចុះណែនាំប្រជាពលរដ្ឋឱ្យចូលរួមបង្ការ ការរាតល្បាតជំងឺកូវីដ-19 និងបន្តស្រង់ស្ថិតិពលករ ដែលមកពីប្រទេសជិតខាង ជាប់ជាប្រចាំផងដែរ ៕