ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ម្នាក់ៗធ្លាប់ជាប់ពន្ធនាគារចំនួន៤ឆ្នាំ ចេញមកវិញមិនរាងចាល នគរបាលចាប់បញ្ជូនទៅតុលាការម្តងទៀត ​

បន្ទាយមានជ័យ​ ៖​ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗ៤ឆ្នាំ ពេលចេញមកវិញមិនរាងចាល បន្តប្រព្រឹត្តបទល្មើសដដែល ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ស្រាវជ្រាវ​ និងបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
​លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា​ ៖​ ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅសុខសាន្ត ។ លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀនទាំងការជួញដូរ​ និងការប្រើប្រាស់ គឺត្រូវតែធ្វើការស្រាវជ្រាវឲ្យដូចជាភ្លៀងរលឹម ។ជាលទ្ធផល នៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី០៤​ ខែមេសាឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវតាមវិធានការជំនាញ​ និងឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅនឹងផ្ទះជនសង្ស័យឈ្មោះ នី សិឡា ភេទប្រុស​ អាយុ២៩ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា ចំនួន៣ថង់ ដបកែច្នៃសម្រាប់ជក់១ សំបកថង់មួយចំនួន បំពង់ប៊ឺតមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង។
​លោកស្នងការរង វរសេនីយ៍ទោ​ ង៉េង សុជា បានបន្តទៀតថា៖ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះ នី សិឡា និងធ្វើការសាកសួរចម្លើយ នៅថ្ងៃដដែលកម្លាំងនគរបាលយើងបានបន្តទៅចាប់ឃាត់ខ្លួនឈ្មោះ លី ទីណា ភេទប្រុសអាយុ២៩ឆ្នាំ មានទីនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។នៅក្នុងការចុះបង្រ្កាបនេះ កម្លាំងនគរបាលឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៧ថង់ ទូរស័ព្ទចំនួន២គ្រឿងនិងរថយន្ត១គ្រឿង ។នៅក្នុងកិច្ចប្រតិបត្តិការទាំង២ករណីនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសវត្ថុតាងថ្នាំញៀន សរុបចំនួន១០ថង់ ដបកែច្នៃសម្រាប់ជក់១ គម្របដបកែច្នៃសម្រាប់ជក់១ បំពង់ទែម៉ូម៉ែត្រ​១ សំបកទែម៉ូម៉ែត្រ២ ដែកកេះ១ សំបកសម្រាប់វិចខ្ចប់មួយចំនួន បំពង់ប៊ឺតមួយចំនួន ទូរស័ព្ទដៃ៤គ្រឿង និងរថយន្ត១គ្រឿង ។
​លោកស្នងការរង បានបញ្ជាក់បន្ថែមថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន​ ចេញមកវិញបានជិត១ឆ្នាំ តែពួកគេមិនរាងចាល បន្តប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដដែល ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ​