ព័ត៌មានក្នុងប្រទេស

ឯកឧត្តម គួច ចំរើន​ បាននាំយកគ្រឿងឧបភោគបរិភោគ ម៉ាស ម៉ាស៊ីនបាញ់សម្លាប់មេរោគ ទឹកថ្នាំ និងអាកុល ឧបត្ថម្ភ​ដល់អង្គការម្លប់តាប៉ាង

ខេត្តព្រះសីហនុ​៖​ នារសៀលថ្ងៃសៅរ៍ ១២កើត ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគ ម៉ាស ម៉ាស៊ីនបាញ់សម្លាប់មេរោគ ទឹកថ្នាំ និងអាកុល ឧបត្ថម្ភ​ដល់អង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិក និងអ្នក​ស្ម័គ្រចិត្តអង្គការម្លប់តាប៉ាង ក្នុងនោះឯកឧត្តមបានថ្លែងកោតសរសើរដល់ក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការម្លប់តាប៉ាង ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ដោយបាននាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារក្រីក្រក្នុងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត ក៍បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តរបស់អង្គការម្លប់តាប៉ាង ត្រូវបន្តបេសកកម្មដោយធ្វើការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនយើងឱ្យចៀសផុតពីជំងឺ Covid-19 ។

ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ចាក់ថា ដោយមានការជួយគាំទ្រពីសប្បុរសជន បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់មកដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាបំរើឱ្យការងារទប់ស្កាត់ Covid-19 ហើយសកម្មភាពនេះ ជាការចែករំលែក ដើម្បីឱ្យអង្គការម្លប់តាប៉ាងចែកជូនគ្រួសារក្រីក្ររបស់យើងជួបការលំបាកខ្វះខាតស្បៀង។

ឯកឧត្តមអភិបាលខេត្តបន្តថា កន្លងមករដ្ឋបាលខេត្តបានផ្តល់នូវម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងចែកទឹកថ្នាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងទីផ្សារផងដែរ។ ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានធ្វើសកម្មភាពនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃដែលកំពុងគង់នៅក្នុងទីវត្តដែលប្រឈមនឹងការខ្វះចង្ហាន់ជាដើម។

អំណោយដែលរដ្ឋបាលខេត្តឧបត្ថម្ភដល់អង្គការម្លប់តាប៉ាង មានអង្ករចំនួន១០តោន ត្រីខ ១០ កេសធំ ស្មើ ១,០០០កំប៉ុង ទឹកបរិសុទ្ធ ២០០យួរ ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ទឹកថ្នាំបាញ់សម្លាប់មេរោគ ៦០លីត្រ អាល់កុល ៣០លីត្រ និងម៉ាសចំនួន ៥.០០០ ៕