ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ប្រជុំផ្សព្វផ្សាយអនុក្រឹតលេខ៣៩ អនក្រ.បកស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

បន្ទាយមានជ័យ ៖ ​នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានបើកការប្រជុំផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ស្តីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ អនុក្រឹត្យលេខ៣៩អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក បានផ្តោតសំខាន់ទៅលើការពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកនេះ ដែលមានកំរិតនៃការផាកពិន័យជាទឹកប្រាក់មានចំនួនគុណទ្វេរដង ដូចជាការផាកពិន័យលើបទល្មើសមធ្យោបាយលើម៉ូតូមានកំរិតទាបបំផុតគឺ៦០.០០០រៀល(ប្រាំមួយម៉ឺនរៀល) ខ្ពស់បំផុត៤០០.០០០រៀល(៤០ម៉ឺនរៀល) ដែលច្បាប់បានកំណត់ និងមួយទៀតទាក់ទងទៅនឹងមធ្យោបាយដូចជារថយន្តតូចរហូតដល់រថយន្តធំ ការផាកពិន័យនេះមានកំរិត១.២០០.០០០រៀល(១លាន២សែនរៀល)រហូតទៅដល់២,៤០០.០០០រៀល(២លាន៤សែនរៀល)ហើយនឹងអាចក្រោយពេលផាករយៈពេល៦ខែនៅតែមានការប្រព្រឹត្តនឹងឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ទៀតថា ៖ តាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានកំណត់យកឆ្នាំ២០២០ គឺជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍។នេះគឺជាសារមួយដើម្បីពញ្ញាក់ស្មារតីទៅដល់អ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទដែលបានប្រើប្រាស់ផ្លូវថ្នល់ដើម្បីឲ្យគាត់មានការគោរពច្បាប់ចរាចរណ៍។

លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍ទៀតថា ៖ ដើម្បីឲ្យអនុក្រឹត្យនេះមានវិសាលភាពទូលំទូលាយគ្របដណ្តប់ទៅលើមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ស្នើសុំឲ្យអស់លោក ស្រី ដែលទទួលខុសត្រូវលើស្រុក ក្រុង ត្រូវធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក ក្រុង បានយល់ជ្រាបពីច្បាប់ចរាចរណ៍ថ្មីនេះ ​។

នៅថ្ងៃដដែលនោះដែរ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារសណ្តាប់ ធ្នាប់សារណៈ ក៏បានរៀបចំប្រជុំផ្សព្វផ្សាយនូវអនុក្រឹត្យលេខ៣៩អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានកែសម្រួលរួច មាន១០មាត្រានៃជំពូកទី៣ ដល់មន្តី្រនគរបាលចរាចរណ៍ខេត្ត ស្រុក ក្រុង ដែលជាអនុវត្តច្បាប់ចរាចរណ៍បានយល់ដឹង និងយកទៅអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ដែលកំណត់ចំពោះការផាកពិន័យអន្តរការណ៍លើបទល្មើសនឹងច្បាប់ចរាចរណ៍ ជៀសវាងការអនុវត្តខុសឆ្គងនឹងច្បាប់បានកំណត់ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ក៏បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៅពេលកំពុងប្រតិបត្តិការនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺត្រូវគោរពនូវវិន័យជាកងកម្លាំងនគរបាលជាតិ មានសុជីវធម៌ក្នុងការនិយាយស្តី ​សុភាពរាបសារ តែម៉ឺងម៉ាត់ ហើយនូវរាល់សកម្ម​ភាពទាំងឡាយត្រូវគោរពគំនាប់ឲ្យបានត្រឹមត្រូវ ជាកងកម្លាំងនគរបាលជាតិ ៕