ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ចាម បានណែនាំទៅដល់ចៅសង្កាត់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ ១៩

កំពង់ចាម ៖ អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម បានណែនាំទៅដល់ចៅសង្កាត់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ ១៩ ។ ការណែនាំនេះ ខណៈដែល ឯកឧត្តម អមដំណើរដោយ លោកជំទាវ ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមូលដ្ឋាន នាឱកាសអញ្ជើញប្រគល់នូវសម្ភារ ជាគ្រឿងឧបភោគ បរិភោគ ទៅដល់ចៅសង្កាត់ទាំង ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាក និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស សរុបចំនួន ៥៦៦នាក់ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះ ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូន សង្កាត់ទាំង ៤ នាពេលនេះមាន ៖ អង្ករ ត្រីខ សាប៊ូ និងក្រមា ដែលបានមកពី ការចូលរួមចំណែកពីអាជ្ញធរ និងក្រុមការងារចុះមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ព្រមទាំង ការគៀងគរពីសប្បុរសជននានា ដើម្បីបានយកទៅបន្តចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក៏ដូចជា ក្រុមគ្រូសារ របស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ហើយកំពុងបានស្នាក់អាស្រ័យនៅដាច់ដោយឡែក និងពុំអាចចេញទៅរកទទួលទាន នៅខាងក្រៅបាន ។ ដូច្នេះសូមឲ្យចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តការអប់រំណែនាំ អំពីអនាម័យសុខភាព និងការថែរក្សាសុខសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ឲ្យចូលរួមអនុត្តនូវវិធានការការពារ និងការរក្សាអនាម័យស្អាត ៣ យ៉ាង ជាពិសេស ការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសារអប់រំនានា របស់ក្រសួងសុខាភិបាល ដែលកំពុងចាក់ផ្សាយ តាមប្រព័ន្ធព័ត៌មាន នៅតាមភូមិ ឃុំ សង្កាត់ ជារៀងរាល់ថ្ងៃ ដែលជាអាទិ៍មាន ៖ ១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ឲ្យបានញឹកញាប់ ។ ២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសម្រាម ឲ្យបានត្រឹមត្រូវ ។ ៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។ ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។ ៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។ ៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចានដា អភិបាល ខេត្តកំពង់ចាម និងប្រតិភូអមដំណើរ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាសម្ភារ ជាគ្រឿងឧបភោគ បរិភោគ ទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងគ្រួសារពលករ ហើយទើបបានវិលត្រឡប់ មកពីក្រៅប្រទេស និងស្នាក់អាស្រ័យនៅដាច់ដោយឡែក ជានិមិត្តរូប ចំនួន ០៥គ្រួសារ នៃសង្កាត់នីមួយៗផងដែរ ៕