ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនជនសង្ស័យ ពីបទគាស់ទម្លុះទម្លាយ យកលុយជាង១ម៉ឺនដុល្លា របស់អង្គការឡាតាស្តិ៍

បន្ទាយមានជ័យ ៖ សង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពីបទលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ) យកលុយរបស់មណ្ឌលសិក្សាអង្គការឡាតាស្តិ៍ នៅស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីមានករណី(លួចគាស់ទម្លុះទម្លាយ)យកលុយក្នុងមណ្ឌលសិក្សារបស់អង្គ ការឡាតាស្តិ៍ នៅ​ចន្លោះម៉ោង១២យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់នូវបទបញ្ជាដល់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើកាស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ សឹង គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកមណ្ឌលសិក្សាឡាតាស្តិ៍ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបានធ្វើការចាប់ឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកនាយការិយាល័យបានបញ្ជាក់ថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដោយយកចបកាប់លួចគាស់ចំរឹងបង្អួចបន្ទប់លួច យកកេសសំរាប់ដាក់លុយចំនួន៤កេសក្នុងមណ្ឌលពិតប្រាកដមែន ក្រោយពីចូលលួចបាន គេយកការ៉ុងច្រកកេសសំរាប់ដាក់លុយយកទៅលាក់ទុកនៅក្នុងបន្ទប់ផ្ទះសំណាក់វ៉នឧត្តម និងចបកាប់បោះចោលម្តុំសួនស្នេហ៍ជនបទ រួចហើយក៏ជិះម៉ូតូមកមណ្ឌលសិក្សាវិញ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ដែរថា ៖ បន្ទាប់ពីជនសង្ស័យទទួលសារភាពយើងបាននាំខ្លួនជនសង្ស័យទៅយកលុយនៅកន្លែងដែលគេលាក់ទុកនៅបន្ទប់ជួលផ្ទះសំណាក់ វ៉ន ឧត្តម ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រកឃើញកេសដែកចំនួន៤កេស លុយដុល្លាសរុបចំនួន១៤,២៧៩ដុល្លា និងប្រាក់ខ្មែរចំនួន ២,៦៩៩,៨០០រៀល ហើយបានធ្វើការប្រគល់ម្ចាស់មណ្ឌលអង្គការ ឡាតាស្តិ៍វិញ ៕