ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម អភិបាលខេត្ត អនុញ្ញាតឲ្យអ្នកវិនិយោគចិន ជួបសំដែងការគួរសម

ខេត្តកំពត ៖ រសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យ ឯកឧត្តម កៅ គឹមហួន ដឹកនាំប្រតិភូវិនិយោគចិនចូលជួបសំដែងការគួរសម និងសំណេះសំណាល ។

ក្នុងជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ឯកឧត្តម សូមស្វាគមន៍គ្រប់វិនិយោគទាំងអស់ ដែលបានមកដល់ទឹកដីនៃខេត្តកំពត។ ឯកឧត្តមបានបន្តទៀតថា ខេត្តកំពត មានសក្តានុពលច្រើន និងមានអ្នកវិនិយោគបានមកវិនិយោគលើការងារមួយចំនួន រួមមាន រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិដ្ឋានចេកអំបូង ពិសេសវិស័យទេសចរណ៍ ។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ស្នើសុំដល់វិនិយោគគិនទាំងអស់មកវិនិយោគលើទឹកដីខេត្តកំពត ដើម្បីឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

ក្នុងឱកាសនោះផងដែរតំណាងអ្នកវិនិយោគចិន បានមានប្រសាសន៍ថា អរគុណមិត្តភាពកម្ពុជា-ចិន អមតៈ លោកពិតជាមានមោទនភាពណាស់ដែលបានដឹកនាំក្រុមវិនិយោគចិនមកកាន់ទឹកដីដ៏ស្រស់ស្អាត នៃខេត្តកំពត ៕