ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ចាម ត្រៀមទីតាំង ៣កន្លែង ស្មើនឹង ៧៥៦គ្រែ​ សម្រាប់ទទួលព្យាបាលអ្នកផ្ទុកវីរុសកូវីដ ១៩

កំពង់ចាម ៖ អនុវត្តទៅតាម​គោលការណ៍ ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា អគារចំនួន ៣កន្លែង មានបន្ទប់ ចំនួន ១៧៩ ស្មើនឹង ៧៥៦គ្រែ​ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម ត្រៀមរួចជាស្រេច ដើម្បីទទួលព្យាបាលអ្នកផ្ទុកវីរុសកូវីដ ១៩ ។ កាលពី​​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជម្ងឺកូវីដ១៩​ ខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យអគារសិក្សាថ្មី នៃសាលាគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមរៀបចំទីតាំងដាច់ដោយឡែក សម្រាប់ទទួលពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ ១៩ ព្រមទាំង ​រៀបចំ​ត​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​អគ្គិសនី ឲ្យបានល្អប្រសើរ​ផងដែរ ​។

សូម​បញ្ជាក់​ផង​ដែរថា​ ក្រោយ​ពី​ទទួល​បាន​គោលការណែនាំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បាន​សម្រេច​រៀបចំកន្លែង សម្រាប់ព្យាបាលអ្នកជម្ងឺ កូវីដ ១៩ ចំនួន ៣កន្លែង ក្នុងក្រុងកំពង់ចាម ​ក្នុង​នោះ​រួម​មាន​ ៖ ១-អគារមន្ទីរពេទ្យខេត្ត ចំនួន ២អគារ មាន១៤បន្ទប់ ស្មើចំនួន ៦២គ្រែ បច្ចុប្បន្នមានអ្នកជម្ងឺចំនួន ០៨នាក់ កំពុងសម្រាកព្យាបាល ។ ទី២-សណ្ឋាគារមេគង្គ មានចំនួន ៧១បន្ទប់ ស្មើចំនួន ១៤២គ្រែ ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋាន ចំនួន ១អគារ មានចំនួន ៤០បន្ទប់ ស្មើចំនួន ១២០គ្រែ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំបំពាក់សម្ភារ បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជម្ងឺ ។ និងអគាររៀន ចំនួន ២អគារ ស្មើចំនួន ៥៤បន្ទប់ ស្មើចំនួន ៤៣២គ្រែ ក្រុមការងារនឹងរៀបចំសម្អាត និងបំពាក់សម្ភារបន្ថែម នៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួចរាល់ ។ សរុបទីតាំងដែលបានត្រៀមថ្មី និងអគារដែលបានដាក់អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាហើយនោះ មានចំនួន ០៣កន្លែង ស្មើនឹង ០៥អគារ​ និងមានបន្ទប់ចំនួន ១៧៩បន្ទប់ ស្មើចំនួន ៧៥៦គ្រែ​ ៕