រដ្ឋបាលរាជធានី-ខេត្ត

ដុតកម្ទេចចោលទំនិញប្រមាណ១តោន ដែលដកហូតបានពីអាជីវករកន្លងមក

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុង ត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក បានធ្វើការចាក់កប់លុបកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលរកឃើញ និងដកហូតនាពេលកន្លងមក ប្រមាណ១តោន។

លោក មាស មោរ៉ា ប្រ​ធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទំនិញខូចគុណភាព​ និងហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញរបស់លោកដកហូតពីអាជីវករ លក់ដូរនានា នៅក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៩ និងឆ្នាំកន្លងមក សរុបចំនួនប្រមាណ ១តោន ដោយនាថ្ងៃនេះបានធ្វើការកម្ទេចចោលទំនិញខូចគុណភាព រួមមានភេសជ្ជៈ គ្រឿងឧបភោគ និងបរិភោគចម្រុះ នៅទីតាំងមួយកន្លែងស្ថិតនៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

លោកបញ្ជាក់ថា សកម្មភាពកម្ទេចចោល គឺចាក់ទំនិញខូចគុណ ភាពខាងលើចូលក្នុងរណ្តៅរួចចាក់ដីលុបពីលើ ហើយស្ថិតក្រោមការសហការពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធតាំងពីដើមរហូតដល់ចប់។ លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុន និងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិនចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។

លោក បន្ថែមថា ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ៕