ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិសកលសម្រាប់ដោះស្រាយវិបត្តិវីរុស Covid-19

Reuters: យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសប្រទេសន័រវេសដែលបានធ្វើឡើងនៅថ្ងៃច័ន្ទ (ទី២៣ មីនា) នេះបានឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិមួយដើម្បីគាំទ្រដល់ការព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុស Covid-19 នៅទូទាំងពិភពលោក។

ថ្លែងក្នុងសេចក្តីប្រកាសមួយនៅថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវេសលោក  Ine Eriksen Soereide បានមានប្រសាសន៍ថា “មូលនិធិពហុជំនួយក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនឹងផ្តល់ភាពដែលអាចជឿទុកចិត្តបានដល់ដៃគូរបស់យើងនិងជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។”

ព្រមជាមួយគ្នានេះ ក្រសួងការបរទេសន័រវេសក៏បានគូសបញ្ជាក់ផងដែរថា “គោលបំណងនៃមូលនិធិនេះគឺដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយនៅឡើយក្នុងការដោះស្រាយវិបត្តិវីរុសផ្លូវដង្ហើមនេះក៏ដូចជាដើម្បីដោះស្រាយផលវិបាករយៈពេលវែងផងដែរ។”

លើសពីនេះ ក្រសួងខាងលើក៏បានបញ្ជាក់បន្ថែមផងដែរថា “សេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងមូលនិធិខាងលើនេះអាចនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។”

សូមជម្រាបថា គិតមកទល់ពេលនេះ មានមនុស្សជិត ៣៤០.០០០ នាក់ហើយនៅទូទាំងពិភពលោកបានឆ្លងវីរុសប្រល័យលោកដ៏សាហាវខាងលើ ហើយក្នុងនោះមានមនុស្សជាង ១៤.៥០០ នាក់ហើយបានស្លាប់ខណៈដែលករណីស្លាប់ក្នុងប្រទេសអ៊ីតាលីបានកើនឡើងលើសចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដែលចំណុចផ្ទុះឡើងនៃវីរុសនេះទៅទៀត។

ក្រលេកមកមើលប្រទេសកម្ពុជាយើងវិញ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ (ទី២២ មីនា) ម្សិលមិញនេះ ប្រទេសយើងបានរកឃើញករណីឆ្លងវីរុសនេះចំនួន ៨៤ ករណីហើយ ដោយត្រឹមតែម្សិលមិញ​មួយថ្ងៃបុណ្ណោះ យើងបានរកឃើញរហូតដល់ ៣១ ករណីឯណោះ។ ដូច្នេះដើម្បីជៀសផុតពីការឆ្លងវីរុសខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជារួមគ្នាអនុវត្តវិធានការការពារខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសខាងលើ។