សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃរដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពនានាក្នុងខេត្ត និងមន្រ្តីសុខាភិបាលជាច្រើនរូបផងដែរ។ប្រសាសន៍ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបិទសន្និបាទនេះ បានជំរុញឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព គុណធម៌ សាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ព្រមទាំងលើកកម្ពស់សមត្ថភាពនិយ័តកម្ម ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនត្រូវមានការទទួល ខុសត្រូវចំពោះការផ្តល់សេវាសុខាភិបាល រួមមានជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធដើម្បីឆ្លើយតបនឹងជំងឺ និងគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈស្របតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋាននិយ័តកម្មមានស្រាប់ ជាពិសេសចំពោះករណីនៃការឆ្លងមេរោគ   កូវិដ-១៩ ក្នុងន័យនេះ ពុំមែនយើងងាកមកបង្ការ និងអនុវត្តវិធានការចំពោះជំងឺថ្មី ទុកចោលការពិនិត្យព្យាបាលជំងឺ ជាសារវន្តក្នុងមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាពរបស់យើងនោះទេ។ ទន្ទឹមនឹងនោះមន្ទីរសុខាភិបាលខេត្តត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា និងវិធានការណ៍ការពារជំងឺកូវិដ-១៩(COVID-19) ព្រមទាំងធ្វើការតាមដាន អង្កេតស្រាវជ្រាវជាប្រចាំ។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានផ្តល់កិត្តិយបំពាក់នូវគ្រឿងឥស្សរិយយស និងលិខិតសរសើរ ជូនដល់មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលមានស្នាដៃបំពេញការងារទៅតាមលំដាប់ថ្នាក់ជាបន្តបន្ទាប់ផងដែរ៕