ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម

កំពង់ចាម ៖ បន្ទាប់ពីបានដំណើរគ្រោងទុករយៈពេល ២ថ្ងៃកន្លងទៅ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ចាម នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅសាលសន្និសីទខេត្តកំពង់ចាម ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាត សរុបប្រមាណ ៥៥០នាក់ ផងដែរ ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីរាយការណ៍ អំពីលទ្ធផលសន្និបាតរួចមក ថ្លែងនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម មន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ចទាំងអស់ ដែលបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផល លើគ្រប់វិស័យ ចូលរួមថែរក្សាសុខសុវត្ថិភាព ស្ថេរភាពនយោបាយ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញឲ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ប្រកបដោយជោគជ័យនូវផែនការ ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ការផ្លាស់ប្ដូរប្រកបដោយគ្រោះថ្នាក់នូវរបបនយោបាយនៅកម្ពុជា ។ ឈរលើមូលដ្ឋាន នៃលទ្ធផលទាំងនេះ បញ្ហាប្រឈម ដែលនៅសល់ និងដោយផ្អែកទៅលើទិសដៅការងារឆ្នាំ២០២០ ទាំងកិច្ចការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍខេត្ត និងកិច្ចការរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្នុង នាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំនូវកិច្ចការសំខាន់ ដែលត្រូវរស់គ្នាខិតខំឲ្យសម្រេចបាននៅក្នុងឆ្នាំ២០២០ ខាងមុខបន្តទៀត។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានស្នើឲ្យគណៈបញ្ជាការឯកភាព គ្រប់ថ្នាក់ នៅក្នុងខេត្តកំពង់ចាម ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍ នៅតាមមូលដ្ឋាន និងការដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់រាល់សកម្មភាព ដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចល វឹកវរ ដល់សង្គមតាមគ្រប់រូបភាព ។ បន្តជម្រុញបំផុសចលនាប្រជាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជា សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម ។

ទន្ទឹមនឹងនោះ នាឆ្នាំ២០១៨ កន្លងទៅនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ធ្វើឲ្យចំនួនមនុស្សស្លាប់ និងរងរបួស កើនឡើងយ៉ាងគំហុក ប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសកំណត់យកឆ្នាំ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ឲ្យបានម៉ឺងម៉ាត់បំផុត សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានជាអតិបរមា ដែលទាមទារឲ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ ឲ្យបានតឹងរឹងបំផុត ដោយមិនត្រូវមានការយល់ និងការលើកលែងនោះឡើយ ។ ក្រៅពីនោះ ត្រូវបន្តជម្រុញ និងលើកកម្ពស់ ក្នុងការងារផ្ដល់សេវានានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដែលកាន់តែមានការកើនឡើងនៅក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនោះ ៕