ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នគរបាលខេត្តតាកែវ ប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់ក្រុមគ្រួសារសពមន្រ្តីនគរបាល

ខេត្តតាកែវ៖ រសៀលថ្ងៃសុក្រ ១៣កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបី អញ្ជើញចុះទៅដល់គេហដ្ឋានដេីម្បីធ្វេីការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារលោក កៅ មាស អតីតមន្រ្តីនគរបាលចូលនិវត្ត នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល ទទួលមរណៈភាពថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០(ដោយ គ្រោះថ្នាក់ចរាចរណ៍)។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង និងក្រុមការងារ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល)គ្រឿងបរិភោគ ឧបភោគមួយចំនួនរួមមានអង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ជូនដល់លោកស្រី ម៉ៅ គឹមហៀក ត្រូវជាភរិយា នៃសពស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដតាកែវ។ ថ្លែងទៅកាន់គ្រួសារសព លោក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ប្តី ឪពុកដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និង លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕