ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ព្រះមហាក្សត្រ ស្តេចយាងចែកព្រះរាជអំណោយ ជូនពលរដ្ឋ ៦២០គ្រួសារ នៅស្រុកមេសាងខេត្តព្រៃវែង

ព្រៃវែង ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០នេះ ព្រះអង្គស្តេចយាងចែក ព្រះរាជអំណោយជូនពលរដ្ឋជួបការលំបាកចំនួន ៦២០គ្រួសារ រស់នៅភូមិទស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

ព្រះរាជបន្ទូលព្រះមហាក្សត្រ បណ្តាំផ្ញើដោយក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹកបំផុតពីចម្ងាយ។

ជាមួយគ្នានោះ ព្រះមហាក្សត្រ ព្រះអង្គ បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ និងបានដឹកនាំប្រទេសជាតិអោយមានការលូតលាស់ រីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចប្បន្ននេះ និងមានសុខសន្តិភាពពេញផ្ទៃប្រទេស។ ព្រះមហាក្សត្រ ព្រះអង្គ បានព្រះរាជបន្ទូលកោតសរសើរ ចំពោះអាជ្ញាធរខេត្តដែលមាន ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើ។

មុននឹងស្តេចយាងនិវត្តមកកាន់ព្រះមរម្យរាជវាំង ព្រះមហាក្សត្រទ្រង់ យាងចែកព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន ៦២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានព្រះរាជអំណោយ  មាន មុង ក្រមា សារុង ស្បែកជើងផ្ទាត់ ទឹកសុទ្ធ អាវយឺត ត្រីខ អង្ករ ថវិកា១០ម៉ឺនរៀល និង សិស្សានុសិស្សចំនួន ៤១៦ នាក់ ទទូលបានអាហារពេលព្រឹកមួយពេល មានទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មី២ចាន នំប៉ាវ១ នំផ្អែម១កញ្ចប់ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារសិក្សាមួយកញ្ចប់ គ្រូពេទ្យចំនួន៩នាក់ ក្នុងម្នាក់ៗទទូលបានឃីតមួយកញ្ចប់ ព្រះករុណាព្រះបាទស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕